៣​ដំណាក់កាលដែលត្រូវធ្វើនៅពេលមានអារម្មណ៍តានតឹង

Three Steps To Take When Feeling Stressed English (1)

មនុស្សគ្រប់រូបមានពេលខ្លះពួកគេអាចនឹងមានអារម្មណ៍ថាកណ្ដោចកណ្ដែងតែម្នាក់ឯង។ ឬពួកគេមានរឿងជាច្រើនដែលត្រូវធ្វើតែពួកគេមិនដឹងពីវិធីដើម្បីសំរេចវាបាននោះទេ។ ក្នុងគ្រាដែលតានតឹងទាំងនេះវាជាការចាំបាច់ដែលគួររៀន កំណត់ និងគ្រប់គ្រងភាពតានតឹង របស់អ្នកដើម្បីទប់ទល់នឹងបញ្ហាប្រឈមប្រចាំថ្ងៃ។ ខាងក្រោមនេះជាដំណាក់កាលទាំង៣ ដែលអ្នកត្រូវធ្វើនៅពេលមានអារម្មណ៍តានតឹង។

១. ស្វែងយល់ពីបញ្ហា

វាហាក់ដូចជាចម្លែក ដែលយើងច្រើនតែមិនដឹងពីមូលហេតុឱ្យយើងមានភាពតានតឹងនោះឡើយ។ ដូច្នេះគួរតែចំណាយពេលគិតពិចារណាដោយខ្លួនឯង កុំផ្អែកលើការប៉ាន់ស្មានដោយគ្មានការវិនិច្ឆ័យត្រឹមត្រូវ។ គិតថាតើ​អ្នក​មាន​អារ​ម្ម​ណ៏​យ៉ាងណា? យកចិត្តទុកដាក់លើរាងកាយរបស់អ្នក - តើសាច់ដុំរបស់អ្នកតឹងឬធម្មតា? តើការដកដង្ហើមរបស់អ្នកវែងៗ រឺ ខ្លីៗ? អ្នកប្រហែលជាភ្ញាក់ផ្អើលក្នុងការស្វែងយល់នៅពេលដែលអ្នកមានភាពតានតឹង ឬគ្រាន់តែរំលឹកថាអ្នកជួបស្ថានភាពពិបាកណាមួយ។ គ្រាន់តែអនុញ្ញាតឱ្យខ្លួនអ្នកដឹងពីអារម្មណ៍នេះ។

២.កំណត់មូលហេតុ

ដំណាក់កាលដ៏សំខាន់បំផុតនៃការគ្រប់គ្រងអារម្មណ៍តានតឹងគឺការកំណត់នូវមូលហេតុជម្រុញផ្ទាល់ខ្លួនរបស់អ្នក។ ចំណាយពេលសរសេរ និង/ឬ ពិភាក្សាពីអារម្មណ៍តានតឹងរបស់អ្នកជាមួយនរណាម្នាក់។ នៅពេលដែលអ្នកបានកំណត់នូវមូលហេតុជម្រុញដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ដូចនេះអ្នកអាចចាប់ផ្តើមកំណត់នូវវិធីដើម្បីកាត់បន្ថយអារម្មណ៍តានតឹងដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។

៣. ពិនិត្យមើលពីរបៀបរស់នៅរបស់អ្នកឡើងវិញ

ការផ្លាស់ប្តូររបៀបរស់នៅគឺហាក់ដូចជាសាមញ្ញប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្ត អារម្មណ៍តានតឹង​ និង​ ការថប់អារម្មណ៍ ហើយវាក៏ជាសមាសធាតុសំខាន់នៃវិធីសាស្រ្តរួមបញ្ចូលគ្នាក្នុងការព្យាបាល។ ក្នុងករណីខ្លះការផ្លាស់ប្តូររបៀបរស់នៅតែមួយមុខ អាចជួយបំបាត់អារម្មណ៍តានតឹង​ និង​ ការថប់អារម្មណ៍បានដូច្នេះវាសមហេតុផលក្នុងការចាប់ផ្តើមការផ្លាស់ប្តូររបៀបរស់នៅប្រកបដោយផាសុខភាពនាពេលឥឡូវនេះ (ប៉ុន្តែប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍កម្រិតមធ្យម ឬធ្ងន់ធ្ងរ សូមស្វែងរកជំនួយពីអ្នកជំនាញភ្លាមៗ) ។ យើងអាចផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃដោយវិធីងាយៗ។ អនុវត្ដការរស់នៅប្រកបដោយសុខភាពដោយញ៉ាំអាហារដែលមានជាតិស្ករតិច (ជាតិស្ករដែលមានក្នុងកាបូអ៊ីដ្រាត) និងជាតិខ្លាញ់តិច ហើយចូលរួមហាត់ប្រាណទាំងអស់គ្នា!

សូមស្វែងយល់បន្ថែម៖ វិធីថែទាំសុខភាពដ៏សាមញ្ញ

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។