អំពីជំងឺអូទីសឹ្សម​ (ASD)

Autism Safetynet

តើអ្វីទៅជាជំងឺអូទីសឹ្សម?

អូទីសឹ្សម គឺជាក្រុមនៃភាពមិនប្រក្រតីនូវការលូតលាស់នៃខួរក្បាល ដែលមានស្ថានភាព និងលក្ខខណ្ឌស្មុគស្មាញ។ វាក៏អាចទាក់ទងនឹងរោគសញ្ញាជាច្រើនផងដែរដូចជា ផលលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា និងឥរិយាបទក្នុងការទំនាក់ទំនងក្នុងសង្គម ដែលត្រូវការការថែទាំយ៉ាងដិតដល់នៅក្នុងកន្លែងពិសេស។
កុមារមួយចំនួនដែលមានជំងឺអូទីសឹ្សមមានលូតលាស់​​ផ្នែក​បញ្ញា​ស្មារតីជាធម្មតាមុនអាយុ ១ ឬ ២ ឆ្នាំហើយនៅពេលមានអាយុ ២ ឆ្នាំ ភ្លាមៗនោះពួកគេ«បញ្ឈប់​ការ​លូតលាស់​» ហើយបាត់បង់ជំនាញភាសា ឬជំនាញ​សង្គមដែលពួកគេធ្លាប់បានទទួលពីមុនមក។ 

តើជំងឺអូទីសឹ្សមមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញាទូទៅនៃជំងឺអូទីសឹ្សមរួមមាន៖

  • កង្វះការប្រាស្រ័យទាក់ទងដោយប្រើក្រសែភ្នែក
  • មានចំណាប់អារម្មណ៍តិចតួច ឬចំណាប់អារម្មណ៍ខ្លាំងជ្រុលលើអ្វីមួយ
  • ធ្វើអ្វីមួយៗ ម្តងហើយម្តងទៀតដូចជា ការនិយាយពាក្យឬឃ្លាដដែលៗ ចលនាវិលទៅវិលមក ឬគ្រវីក្បាលទៅមក
  • មានប្រតិកម្មខ្លាំងចំពោះសំឡេង ការប៉ះ ក្លិន ការមើលឃើញដែលហាក់ដូចជាធម្មតាសម្រាប់មនុស្សទូទៅផ្សេងទៀត
  • មិនមើលឬស្តាប់អ្នកដទៃ
  • មិនសម្លឹងមើលវត្ថុអ្វីមួយនៅពេលមនុស្សម្នាក់ទៀតចង្អុលអោយគេមើល
  • មិនចង់ ឲ្យ គេកាន់ឬឱប
  • មានបញ្ហាការយល់ដឹង ឬការប្រើប្រាស់ការនិយាយ កាយវិការ ការបង្ហាញទឹកមុខ ឬសម្លេង
  • និយាយជាសំលេងរាបស្មើ រឺសំលេងដូចមនុស្សយន្ត
  • មានបញ្ហាក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទម្លាប់
  • កុមារខ្លះដែលមានជំងឺអូទីសឹ្សមក៏អាចមានការប្រកាច់ដែរ

តើអ្វីបណ្តាលឱ្យកើតជំងឺអូទីសឹ្សម?

ភ័ស្តុតាងវិទ្យាសាស្ត្របង្ហាញថាកត្តាផ្សេងៗទាំងហ្សែននិងបរិស្ថានរួមចំណែកដល់ការចាប់ផ្តើមនៃភាពមិនប្រក្រតីនៃអភិវឌ្ឍ​ ដោយជះឥទ្ធិពលលើការលូតលាស់ដំបូងនៃខួរក្បាល។

តើធ្វើដូចម្តេចដើម្បីជួយកុមារដែលកើតជំងឺអូទីសឹ្សម?

ឪពុកម្តាយមានតួនាទីសំខាន់ក្នុងការផ្តល់ការគាំទ្រដល់កុមារដែលមានភាពមិនប្រក្រតីនៃជំងឺអូទីសឹ្សម។ ពួកគេអាចជួយធានាបាននូវការទទួលបានសេវាសុខាភិបាលនិងការអប់រំ ព្រមទាំងផ្តល់នូវការចិញ្ចឹមបីបាច់និងបរិស្ថានរំញោចនៅពេលដែលកូន ៗ របស់ពួកគេធំឡើង។ ថ្មីៗនេះវាត្រូវបានបង្ហាញថាឪពុកម្តាយក៏អាចជួយផ្តល់ការព្យាបាលផ្នែកផ្លូវចិត្តនិងអាកប្បកិរិយាដល់កូន ៗ របស់ពួកគេផងដែរ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។