តើអ្នកកំពុងរកមើលការព្យាបាលជំងឺផ្តាសាយឬផ្តាសាយធំដ៏មានប្រសិទ្ធភាព ហើយឆ្ងល់ថាតើថ្នាំផ្សះនឹងមានប្រសិទ្ធភាពដែរឬទេ? ថ្នាំផ្សះគឺជាថ្នាំដែលប្រឆាំងនឹងការឆ្លងមេរោគដែលបណ្តាលមកពីបាក់តេរី ប៉ុន្តែជំងឺគ្រុនផ្តាសាយគឺបណ្តាលមកពីវីរុស។ ថ្នាំផ្សះនឹងមិនជួយអោយអ្នកធូរស្រាលនោះទេ។
ការប្រើថ្នាំផ្សះនៅពេលដែលអ្នកឆ្លងមេរោគបណ្តាលមកពីវីរុសអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ ការប្រើថ្នាំផ្សះនៅពេលដែលមិនចាំបាច់បានបង្កើនហានិភ័យនៃការឆ្លងនៅពេលក្រោយ ដែលអាចសាំទៅនឹងការព្យាបាលដោយថ្នាំផ្សះ។
ផលប៉ះពាល់ធ្ងន់ធ្ងរពីថ្នាំផ្សះមិនមែនជារឿងដែលកើតឡើងជាញឹកញាប់នោះទេ ប៉ុន្តែវាអាចកើតឡើង។ ផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនរួមមាន៖
- ប្រតិកម្មអាឡែស៊ី
- ជម្ងឺ Stevens-Johnson៖ វាគឺជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរនៃស្បែក និងភ្នាសសើម (ស្រទាប់សំណើមនៃផ្នែកខ្លះនៃរាងកាយរបស់អ្នក ដូចជាច្រមុះ មាត់ បំពង់ក និងសួត)។ ជាធម្មតា ជម្ងឺ Stevens-Johnson ចាប់ផ្តើមដោយរោគសញ្ញាស្រដៀងនឹងការកើតផ្តាសាយ ដូចជាគ្រុនក្តៅ ឬឈឺបំពង់ក បន្ទាប់មកក៏មានពងបែក និងកន្ទួលឈឺចាប់រាលដាលពេញខ្លួន។
- ប្រតិកម្មឈាម៖ ថ្នាំផ្សះមួយចំនួនអាចបណ្តាលឱ្យមានការផ្លាស់ប្តូរស្ថានភាពឈាមរបស់អ្នក។ ឧទាហរណ៍ leukopenia គឺជាការថយចុះនៃចំនួនកោសិកាឈាមស។ វាអាចនាំអោយមានការឆ្លងកើនឡើង។
- បញ្ហាបេះដូង៖ ការសិក្សាថ្មីមួយបានរកឃើញថា ស្ត្រីដែលលេបថ្នាំផ្សះពីរខែ ឬយូរជាងនេះ មានហានិភ័យខ្ពស់នៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
- រលាកសរសៃពួរ: វាគឺជាការរលាកឬឈឺសរសៃពួរ។ សរសៃពួរគឺជាសរសៃដែលភ្ជាប់ឆ្អឹងទៅនឹងសាច់ដុំ ហើយមាននៅពាសពេញរាងកាយរបស់អ្នក។
- ការប្រកាច់៖ វាកម្រណាស់ដែលថ្នាំផ្សះធ្វើឱ្យប្រកាច់ ប៉ុន្តែវាអាចកើតឡើង។ ការប្រកាច់គឺកើតមានជាញឹកញាប់ជាមួយនឹងថ្នាំផ្សះ ciprofloxacin, imipenem និង cephalosporin ដូចជា cefixime និង cephalexin ។
មានតែវេជ្ជបណ្ឌិតរបស់អ្នកទេដែលអាចចេញវេជ្ជបញ្ជាថ្នាំផ្សះ។ ព្រឹក្សាជាមួយពួកគាត់ ប្រសិនបើអ្នកគិតថាអ្នកប្រហែលជាត្រូវការប្រើថ្នាំផ្សះ។
* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។