តើកុមារអាចកើតជំងឺទឹកនោមផ្អែមតាំងពីក្មេងបានដែរទេ?

Safetynet Health Insuarnce Specialist Medicle Tips Madicle Cambodia

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលកើតឡើងនៅពេលដែលសារជាតិ​​គ្លុយកូស ឬហៅថាជាតិស្ករនៅ​ក្នុង​ឈាមរបស់អ្នកមានការកើនឡើងខ្ពស់ពេក។
អាំងស៊ុយលីនជាអរម៉ូនដែលផលិតដោយលំពែង មានមុខងារជួយនាំជាតិស្ករពីអាហារចូលទៅក្នុងកោសិការបស់អ្នក ដើម្បីប្រើប្រាស់ជាថាមពល។ ជាមួយនឹងជំងឺទឹកនោមផ្អែម រាងកាយរបស់អ្នកមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើប្រាស់អាំងស៊ុយលីនបានយ៉ាងមានប្រសិទ្ធភាពនោះទេ។

យើងតែងតែឮអំពីមនុស្សចាស់/មនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែម។ តើអ្នកធ្លាប់គិតទេថា កុមារក៏អាចកើតជំងឺទឹកនោមផ្អែមតាំងពីតូចមកដែរ?

ជំងឺទឹកនោមផ្អែមមានពីរប្រភេទធំៗគឺ៖

  1. ជំងឺទឹកនោមផ្អែមប្រភេទទី 1 ដែលប្រព័ន្ធការពាររាងកាយវាយប្រហារលំពែង និងបំផ្លាញកោសិកាដែលផលិតអាំងស៊ុយលីន។
  2. ជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែលលំពែងនៅតែអាចផលិតអាំងស៊ុយលីនបាន ប៉ុន្តែរាងកាយមិនបានឆ្លើយតបទៅនឹងវាឱ្យបានត្រឹមត្រូវទេ។

ជំងឺទាំងពីរប្រភេទអាចកើតមាននៅគ្រប់វ័យ ប៉ុន្តែកុមារទំនងជាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី 1 ច្រើនជាង។
គ្មាននរណាម្នាក់ដឹងច្បាស់ពីមូលហេតុអ្វីដែលបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី 1 នោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រគិតថាវាអាចមានទំនាក់ទំនងជាមួយហ្សែន។ ប៉ុន្តែគ្រាន់តែហ្សែនដែលបណ្ដាលអោយមានជំងឺទឹកនោមផ្អែមគឺមិនគ្រប់គ្រាន់នោះទេ។ ក្នុងករណីភាគច្រើន កុមារត្រូវបានប៉ះពាល់នឹងអ្វីផ្សេងទៀត ដូចជាវីរុស ដែលអាចបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី១។
ជាអកុសល ជំងឺទឹកនោមផ្អែមប្រភេទទី 1 មិនអាចការពារបានទេ ហើយគ្រូពេទ្យក៏មិនមានវិធីណាមួយដើម្បីបញ្ឈប់កុមារពីការវិវត្តនៃជំងឺនេះដែរ។

មិនដូចពេលអតីតកាលទេ ដែលជំងឺទឹកនោមផ្អែមប្រភេទទី 2 ជាធម្មតាកើតឡើងចំពោះមនុស្សពេញវ័យតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ កុមារ និងក្មេងជំទង់កាន់តែច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ដោយសារតែចំនួនក្មេងលើសទម្ងន់មានការកើនឡើងយ៉ាងឆាប់រហ័ស។ តើអ្នកអាចការពារកូនរបស់អ្នកពីការវិវត្តនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 យ៉ាងដូចម្តេច?

  • ត្រូវប្រាកដថាកុមារញ៉ាំអាហារដែលមានសុខភាពល្អ
  • កំរិតអាហារ និងភេសជ្ជៈដែលមានជាតិស្ករ
  • លើកទឹកចិត្តឱ្យមានសកម្មភាពរាងកាយច្រើន

ចំណាំ៖
ការត្រួតពិនិត្យសុខភាពជាប្រចាំមានសារៈសំខាន់ណាស់ជាពិសេសដើម្បីកំណត់ និងព្យាបាលជំងឺទឹកនោមផ្អែមចំពោះកុមារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

 

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។