តើជំងឺចំនួន ៥ដែលច្រើនតែកើតនៅរដូវរងាមានអ្វីខ្លះ?

Woman Winter Clothes Sneezing

អ្នកប្រឹងប្រែងដើម្បីរក្សាសុខភាពអ្នក និងក្រុមគ្រួសារឱ្យមានសុខភាពល្អ ប៉ុន្តែទោះបីជាអ្នកខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏អ្នកនៅតែអាចឈឺ ជាពិសេសកំឡុងរដូវរងា។ ខាងក្រោមនេះគឺជាជម្ងឺមួយចំនួនដែលមនុស្សភាគច្រើនតែងឈឺ នៅរដូវរងា៖

  • ជំងឺផ្តាសាយទូទៅ៖

ជំងឺផ្តាសាយបង្កឡើងដោយប្រភេទវីរុសផ្សេងៗគ្នា ហើយអាចកើតមានគ្រប់ពេលពេញមួយឆ្នាំ ប៉ុន្តែវាកើតឡើងញឹកញាប់បំផុតក្នុងរដូវរងា។ រោគសញ្ញានៃជំងឺផ្តាសាយទូទៅរួមមានឈឺបំពង់ក, តឹងទ្រូង, ឈឺក្បាល, កណ្តាស់, ហៀរសំបោរ។ ល។

  • ជំងឺផ្តាសាយធំ៖

ជំងឺផ្តាសាយធំគឺជាជំងឺផ្លូវដង្ហើមដែលមានការចម្លងរោគកើតឡើងដោយវីរុសដែលមានឈ្មោះថា“influenza” ។ វាអាចមានអាការ​ៈស្រាល ឬធ្ងន់ធ្ងរផងដែរ។ ប្រហាក់ប្រហែលនឹងជំងឺផ្តាសាយទូទៅ​​​​​​ដែរ អ្នកជម្ងឺផ្តាសាយធំមានអាការៈឈឺខ្លួន ឈឺបំពង់ក គ្រុនក្តៅ ឈឺក្បាលជាដើម។

  • ជំងឺរលាកបំពង់កបណ្ដាលមកពីមេរោគពពួក Streptococcus ៖

ការឈឺបំពង់កគឺពិតជាមានភាពរំខាន និងមិនមានផាសុកភាពឡើយ។ ប៉ុន្តែជំងឺរលាកបំពង់កដែលបណ្ដាលមកពីមេរោគពពួក Streptococcus កាន់តែអាក្រក់ជាងនេះទៅទៀត! ជំងឺរលាកបំពង់កបណ្ដាលមកពីមេរោគពពួក Streptococcus គឺជាការឈឺបំពង់កធ្ងន់ធ្ងរ ដែលអោយមានគ្រុនក្តៅបណ្តាលមកពីការឆ្លងមេរោគ។​​ ជំងឺរលាកបំពង់កបណ្ដាលមកពីមេរោគពពួក Streptococcus ជាទូទៅកើតចំពោះកុមារ ​ប៉ុន្តែមនុស្សធំដែលមានទំនាក់ទំនងជាមួយកុមារដែលឈឺក៏ងាយនឹងឆ្លងវាផងដែរ។ រោគសញ្ញានៃជំងឺរលាកបំពង់កបណ្ដាលមកពីមេរោគពពួក Streptococcus រួមមាន​ ការពិបាកនិងឈឺចាប់ពេលលេបអាហារ ឬទឹក ឈឺក្បាល ហើមកូនកណ្តុរ ក្តៅខ្លួនជាដើម។

  • ជំងឺរលាកសួត៖

ជំងឺរលាកសួតគឺជាការបង្ករោគនៅក្នុងសួតម្ខាង ឬទាំងសងខាងដែលអាចបណ្តាលមកពីវីរុស បាក់តេរី ឬផ្សិត - មានមូលហេតុផ្សេងៗគ្នាជាង ៣០ នៃជំងឺរលាកសួត។ អ្នកដែលមានជំងឺរ៉ាំរ៉ៃ ឬមានប្រព័ន្ធភាពស៊ាំចុះខ្សោយ បញ្ហាសុខភាពដូចជា បញ្ហាបេះដូង មហារីក ហឺត ឬមនុស្សចាស់ និងក្មេងតូចៗ គឺមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺនេះ។

  • ជំងឺរលាកទងសួត៖

កុមារឬក្មេងទើបចេះដើរតេះតះអាយុក្រោម ២ ឆ្នាំច្រើនតែធ្លាក់ខ្លួនឈឺដោយសារជំងឺរលាកទងសួត។ ជំងឺរលាកទងសួតគឺជាការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពី វីរុសផ្លូវដង្ហើមឈ្មោះ RSV (Respiratory Syncytial Virus)។ RSV គឺជាវីរុសជាក់លាក់មួយប្រភេទដែលច្រើនតែជាមូលហេតុនៃជំងឺរលាកទងសួតតូចៗ ទោះបីយ៉ាងណាក៏ដោយ ក៏មានវីរុសខុសគ្នាជាច្រើនប្រភេទទៀតអាចបណ្តាលឱ្យរលាកទងសួតផងដែរ។ រោគសញ្ញារួមមាន តឹងច្រមុះ ក្អកក្តៅខ្លួនតិចតួច និងពិបាកដកដង្ហើម។

ការអនុវត្តដើម្បីបង្ការ

មិនថាពេលពេលណានោះទេ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តអនាម័យល្អ ដូចជាការលាងដៃ ក្អកដោយខ្ទប់មាត់ជាមួយក្រដាសអនាម័យ និងជៀសវាងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅពេលអ្នកឈឺ​​ (ដែលអាចចម្លង)។ ប្រសិនបើអ្នកឈឺក្នុងអំឡុងពេលរដូវរងារ នោះប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងស្វ័យប្រឆាំងទៅនឹងជំងឺដោយអាចជាសះស្បើយដោយឯកឯង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនធូរស្រាល ឬកាន់តែធ្ងន់ធ្ងរទៅៗ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។

* រាល់មាតិកាដែលបានផ្សព្វផ្សាយគឺសម្រាប់គោលបំណងចែករំលែកព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តឡើយ។